
កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៦ / កសិកម្ម / Author : ATH Sokren
ត្រូវបានជ្រើសរើសក្នុងការប្រកួតប្រជែងជាផ្លូវការសម្រាប់ពិព័រណ៍អន្តរជាតិកសិចំណីអាហារឆ្នាំ២០២៦ (SIAL Innovation 2026) KEMITO តំណាងឱ្យក្រុមហ៊ុនខនហ្វីរេល និងចំណេះជំនាញរបស់ខ្មែរ នៅក្នុងឱកាសពិព័រណ៍ SIAL Paris ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២១ តុលា នៅមណ្ឌលពិព័រណ៍ Paris Nord Villepinte។ ការទទួលស្គាល់មួយនេះបានបើកទស្សនវិស័យថ្មីៗសម្រាប់ផលិតផល KEMITO ដែលត្រូវបានដាក់បង្ហាញរយៈពេលប្រាំថ្ងៃដល់អ្នកជំនាញអន្តរជាតិនៅឯស្តង់ពិព័រណ៍សម្រាប់ប្រទេសកម្ពុជា។
តំណែងមួយក្នុងចំណោមផលិតផលចំណីអាហារច្នៃប្រឌិតថ្នាក់អន្តរជាតិ
សម្រាប់ការតាំងពិព័រណ៍លើកទី៣០របស់ខ្លួន ការប្រកួតប្រជែង SIAL Innovation ទទួលបានបេក្ខជនចុះឈ្មោះប្រមាណជាង២៧៥០នាក់មកពីពិភពលោក។ គណៈមេប្រយោគដែលមានសមាសភាពអ្នកជំនាញ១២០រូប បានជ្រើសរើសផលិតផលចំនួន៧៧៥ផលិតផលក្នុងនោះមាន KEMITO ផងដែរ។ គណៈមេប្រយោគទទួលស្គាល់ពីវិធីសាស្រ្តប្រកបដោយនវានុវត្តន៍របស់ក្រុមហ៊ុនខនហ្វីរេល ដែលបានផ្សារភ្ជាប់បេតិកភណ្ឌរុក្ខសាស្ត្រខ្មែរទៅនឹងវិទ្យាសាស្ត្រនៃការបណ្តុះមេ។
KEMITO ផលិតចេញពីផ្លែញសរីរាង្គដែលទុកឱ្យឡើងមេបែបធម្មជាតិរយៈពេល៦ខែជាមួយស្ករត្នោត និងមីក្រូសរីរាង្គដែលមានប្រសិទ្ធភាព និងបន្ទាប់មកលាយជាមួយរុក្ខជាតិប្រាំមុខ។ ដំណើរការផលិតនេះបានធ្វើឱ្យ KEMITO មានរសជាតិពិសេស និងមិនសូវផ្អែម។ គួររម្លឹកផងដែរថា ទាក់ទងនឹងដំណើរការផលិតនេះ ក្រុមហ៊ុនបានដាក់ពាក្យសុំវិញ្ញបនបត្រសម្រាប់កម្មសិទ្ធិឧស្សាហកម្មទៅកាន់វិទ្យាស្ថានកម្មសិទ្ធិឧស្សាហកម្ម (INPI)។
ជំនួបត្រូវបានអូសបន្លាយបន្ទាប់ពីពិព័រណ៍
នៅឯស្តង់ពិព័រណ៍សម្រាប់ប្រទេសកម្ពុជាដែលបើកសម្ពោធដោយលោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រុមការងាររបស់ក្រុមហ៊ុនខនហ្វីរេលបានណែនាំបង្ហាញ និងដាក់ឱ្យភ្លក់ផលិតផល KEMITO ទៅកាន់អតិថិជន អ្នកចែកចាយ និងអ្នកសារព័ត៌មាន។ ក្រោយពីពិព័រណ៍ត្រូវបានបញ្ចប់ បញ្ហាប្រឈមគឺធ្វើយ៉ាងណាប្រែក្លាយចំណាប់អារម្មណ៍ក្នុងពេលពិព័រណ៍ទៅជាភាពជាដៃគូពាណិជ្ជកម្ម។
លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនខនហ្វីរេល បានអះអាងយ៉ាងដូច្នេះ៖ «ពិព័រណ៍ SIAL បានបើកឱកាសឱ្យយើងដាក់ផលិតផល KEMITO ចូលរួមប្រកួត ដើម្បីចង់ដឹងពីការរំពឹងទុករបស់អ្នកជំនាញមកពីពិភពលោក។ ការជ្រើសរើសដោយគណៈមេប្រយោគ និងការទទួលបានចំណាប់អារម្មណ៍នៅស្តង់របស់យើង ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា នវានុវត្តន៍ខ្មែរពិតជាអាចឈរជើងនៅលើឆាកអន្តរជាតិលើវិស័យកសិចំណីអាហារបានមែន។ យើងត្រឡប់មកភ្នំពេញវិញជាមួយនឹងទំនាក់ទំនងដែលអាចក្លាយជាដៃគូពាណិជ្ជកម្ម និងមហិច្ឆិតាដែលចង់មុជឱ្យកាន់តែជ្រៅ»។
លើកតម្លៃធនធានធម្មជាតិក្នុងស្រុក
ជំហានថ្មីនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនខនហ្វីរេលដែលបានអនុវត្តចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០១ : ការផ្សារភ្ជាប់ធនធានធម្មជាតិក្នុងស្រុកទៅនឹងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងផលិតកម្មដែលមានទំនួលខុសត្រូវ ដើម្បីបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ តាមរយៈស្ករត្នោតដែលមានវត្តមានរួចទៅហើយនៅក្នុងទីផ្សារអន្តរជាតិជាច្រើន ក្រុមហ៊ុនក៏បានគាំទ្រដល់គ្រួសារផលិតស្ករត្នោតជាង១៣០គ្រួសារនៅក្នុងខេត្តកំពង់ស្ពឺផងដែរ។ ជាមួយផលិតផល KEMITO ក្រុមហ៊ុននឹងបន្តមហិច្ឆិតាតាមរយៈការស្វែងរកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលច្នៃប្រឌិតថ្មីមួយនេះ៕